Full width home advertisement

Post Page Advertisement [Top]

ក្នុងវីដេអូមួយដែលគេផ្សាយតាមហ្វេសប៊ុកដែលបង្ហាញពីជនជាតិវៀតណាមបានយកទឹកថ្នាំគីមីម្យ៉ាងដែលមានស្លាក HPC-97 HXN ទៅលាយនឹងទឹក រួចចាក់ចូល ក្នុងផ្លែខ្នុរ។ វីដេអូខ្លីនេះបានបន្ថែមទំងន់លើក្តីបារម្មណ៍ដែលមានស្រាប់ពីផលប៉ះ ពាល់នានាដែលអ្នកផងទូទៅជឿថាគេប្រើលើបន្លែ ផ្លែឈើនានា។

 

28232761_10209028270143584_1524583503_n

28232940_10209028270623596_141259873_n

28235844_10209028270463592_878617081_n

តើទឹកថ្នាំគីមីនោះជាអ្វី? គេប្រើវាដើម្បីអ្វី? តើវាមានផលប៉ះពាល់ដល់សុខភាព ដូចម្តេចខ្លះបើគេបរិភោគដោយសារធាតុនេះ?

គេហទំព័រពត៌មានជាភាសាអង៉គ្លេសរបស់វៀតណាមមួយបានចុះផ្សាយពីការចូលទៅឆែកឆេរនៅឃ្លាំងទំនិញឯកជនមួយ អាជ្ញាធរវៀតណាមបានរកឃើញមាន សារធាតុមានស្លាក HPC-97 HXN។ គេស្រង់សំដីរបស់អាជ្ញាធរវៀតណាមថា ទឹកថ្នាំ HPC-97 HXN គឺជាសារធាតុ Ethephon ដែលមានឈ្មោះគីមីថា 2-chloroethylphospho- nic acid ដែលមានលេខសំគាល់ the Chemical Abstracts Service number 16672-87-0 ។

យោងតាមអង្គការសុខភាពពិភពលោក (WHO) និង អង្គការស្បៀងអាហារ និងកសិកម្ម (FAO) Ethephon នេះជាប្រភេទជីស្ថិតក្នុងក្រុមជីផូស្វាត។ ជាទូទៅ គេប្រើវា ដោយលាយជាមួយទឹកទៅស្រោចលើដំណាំហូបផ្លែ ឬបាញ់ (Spray) លើដើម។ វាទៅ ភ្ញោចឱយរុក្ខជាតិបញ្ចេញជាតិអេទីឡែន (Ethylene) ដែលជាប្រភេទអ័រមូនធម្មជាតិ របស់រុក្ខជាតិ ទៅជួយឱយផ្លែឈើមាននៅលើដើមឆាប់ឡើងទុំ។ ប៉ុន្តែ ក្នុងវីដេអូនេះ គេយកវាទៅចាក់ចូលក្នុងផ្លែឈើតែម្តង។ ក្រៅពីនេះ គេក៏យកវាទៅបាញ់ដើម្បីឱយ ផ្ការក្ខជាតិកាន់ ឱយដើមរុក្ខជាតិបែកមែកច្រើន មិនលូតកំពស់ ឱយរុក្ខជាតិជ្រុះស្លឹក (ក្នុងដំណាំកប្បាស)ជាដើម។ ក្រៅពីនោះ គេក៏មានយកវាទៅប្រើជាថ្នាំសំលាប់សត្វ ល្អិតដែរ។ នៅបណ្តារប្រទេសនៅអឺរ៉ុប អាមេរិច កាណាដា និងអូស្ត្រាលីក៏មានប្រើ សារធាតុនេះលើដំណាំហូបផ្លែ និងធុញ្ញជាតិផងដែរ។

តើសារធាតុនេះអាចមានផលប៉ះពាល់អ្វីខ្លះដល់សុខភាពមនុស្ស?

បើតាមសារពត៌មានវៀតណាមដដែលនោះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ របស់វៀតណាមបានទទួលស្គាល់សារធាតុ Ethephon នេះជាប្រភេទសារធាតុមាន សុវត្ថិភាព តែក្រសួងមិនអនុញ្ញាតឱយយកសារធាតុនេះ ឬសារធាតុផ្សេងណាមួយ ទៅចាក់ចូលផ្លែឈើឡើយ។ ចាប់តាំងពីឆ្នាំ១៩៧៧មក អង្គការសុខភាពពិភពលោក រួមជាមួយអង្គការស្បៀងអាហារ និងកសិកម្មបានជួបប្រជុំ និងប្រមូលទិន្ន័យដែល បានមកពីការពិសោធន៍ស្រាវជ្រាវពីផលប៉ះពាល់នានារបស់សារធាតុ Ethephon នេះ។ លើកចុងក្រោយ គេបានធ្វើនៅក្នុងឆ្នាំ២០១៥។

ក្នុងការផ្សព្វផ្សាយរបស់ទីភ្នាក់ងារការពារបរិស្ថានរបស់រដ្ឋាភិបាលអាមេរិច គេបានបញ្ជាក់ថា នៅតាមកសិដ្ឋាន គេប្រើសារធាតុ Ethephon ដើម្បីជំរុញឱយ ផ្លែឈើ និងបន្លែ (បន្លែជាផ្លែ មានត្រសក់ និងប៉េងប៉ោះជាដើម) ឆាប់ធំ ឬទុំនៅចន្លោះ ពី២ទៅ៦០ថ្ងៃមុនប្រមូលផល អាស្រ័យទៅតាមប្រភេទផ្លែឈើ និងបន្លែ (បន្លែដែល គេយកជាផ្លែ និងស្លឹក)។ ដូច្នេះសារធាតុដែលគេតែនិយាយតៗថាអ្នកដាំបន្លែតែងប្រើ មុនពេលប្រមូលផលនោះ គឺជាប្រភេទជីផូស្វាតនេះឯង។

តើ Ethephon មានផលប៉ះពាល់អ្វីខ្លះដល់សុខភាពមនុស្ស?

បើយោងតាមទីភ្នាក់ងារការពារបរិស្ថានរបស់រដ្ឋាភិបាលអាមេរិច ដែលហៅ កាត់ថា EPA (Environment Protection Agency) Ethephon ជាសារធាតុដែល គេចាត់ទុក ថាមិនបង្ករបញ្ហាធ្ងន់ធ្ងរដល់សុខភាពមនុស្ស ដោយយោងទៅតាមភស្តុតាងនៃការ សិក្សាដែលគេមាន។ សារធាតុនេះជ្រាបចូលទៅក្នុងឈាមតាមស្បែក ដង្ហើម និង តាមមាត់។ ហើយត្រូវបញ្ចេញមកក្រៅវិញតាមទឹកនោម និងលាមកក្នុងរយៈពេល មួយដែលអាស្រ័យទៅតាមបរិមាណដែលសារធាតុជ្រាបចូលទៅក្នុឈាម។ ពេលវា ស្ថិតនៅក្នុងចរន្តឈាម សារធាតុនេះស្ថិតជាប់ក្នុងថ្លើម និងតំរងនោមច្រើនជាងគេ។ វាជ្រាបចូលកដល់ខួរក្បាល និងខួរឆ្អឹងតិចណាស់។ នៅក្នុងរាង្គកាយ វាជាភ្នាក់ងារ (Cholinesterase inhibitor) ទៅទប់មិនឱយសារ ឬពត៌មាន (Neurotransmitters) ដែល បញ្ជូនពីកោសិការសសៃប្រសាទទៅកាន់សរីរាង្គនានាតំណើរការមិនល្អ។

១. ផលប៉ះពាល់ភ្លាមៗ និងរយៈពេលខ្លី

គេយកសារធាតុនេះទៅពិសោធន៍ជាមួយនឹងសត្វកណ្តុរ ទន្សាយ និងឆ្កែ តែគេមិនបានរកឃើញថាសារធាតុ Ethephon ក្នុងកំរិតលើសលប់ណាមួយធ្វើសត្វទាំងនោះស្លាប់ឡើយ (No lethal dose)។ Ethephon ធ្វើមានរលាកស្បែក (Dermal irritation) និងរលាកកែវភ្នែក (Occular irritation)។ ក្រៅពីនេះវាអាចធ្វើឱយមានរលាកតំរងនោមក្នុងករណីមានសារធាតុនេះច្រើនលើសលប់។ ក្រៅពីនេះវាអាចឱយស្រកទំងន់ ការផលិតគ្រាប់ឈាម និងអេមូគ្លូប៊ីនថយចុះ សាច់ដុំនៅពោះវៀនរួមតូច។ គេមិនបានរកឃើញថាវាមានផលប៉ះពាល់ណាមួយគួរឱយកត់សំគាល់ដល់សរីរាង្គបន្តពូជ កូនក្នុងផ្ទៃឡើយ។

២. ផលប៉ះពាល់រយៈពេលវែង

សារធាតុ Ethephon ជាសារធាតុដែលមិនបង្ករឱយមានជំងឺមហារីកឡើយបើយោងតាមលទ្ធផលនៃការសិក្សានានាលើសត្វ។

សរុបមក Ethephon ជាសារធាតុដែលមិនបង្ករគ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយដល់អាយុជីវិតឡើយ។ ប៉ុន្តែអង្គការស្បៀងអាហារ និងកសិកម្ម និងអង្គការសុខភាពពិភពលោកនៅតែតាមដាន និងជំរុញឱយមានការសិក្សាតាមដានបន្តទៀត។

ក្នុងសារពត៌មានរបស់វៀតណាមដដែលនោះបានបញ្ជាក់ថា បើត្រឹមតែជាសារធាតុ Ethephon វាមិនបង្ករបញ្ហាធ្ងន់ធ្ងរទេ។ ប៉ុន្តែបើគេយកវាទៅលាយសារធាតុផ្សេងទៀតដែលយើងមិនដឹង ឬគេយកវាទៅរក្សាទុកក្នុងធុងដែលមានផ្ទុកសារលោហៈពុលដូចជាសំណរ វាជាក្តីបារម្មណ៍មួយ។

ឯកសារយោង៖

1. Ethephon, by WHO

2. Ethephon, by FAO

3. Ethephon Fact Sheet, by EPA US

No comments:

Post a Comment

Bottom Ad [Post Page]